Ads 468x60px

Blogger templates

Tuesday, December 30, 2014

ស្រីហិតោបទេស

កថាទី២
រឿងប្រើស ចចក និងក្អែក
ក្នុងប្រទេសមគធៈ មានព្រៃធំមួយឈ្មោះចម្បាកវតី ជាទីអាស្រ័យនៅ ប្រើសនិងក្អែក សត្វទាំងពីរនេះចងគ្នាជាមិត្ដសិទ្ធស្នេហាស្រលាញ់គ្នាយូរយាណាស់មកហើយ។ ប្រើសតែងត្រេកត្រអាលចរទៅស្វែងរកស្មៅជាចំណីអាហារតាមទំនើងចិត្ដតាមធម្មតា ជាវិស័យសត្វអិតមានខ្លាចក្រែងរអែងរអាអ្វីឡើយ រហូតមានកាយធាត់មាំមួនឡើងត្រលុចៗ។ សម័យមួយមិនដឹងជាទេសកាល អ្វីបណ្ដាលអោយធ្លោយគំនិតភ្លាត់ខ្លួនអោយចចកឃើញ។ អែចចកលុះឃើញប្រើសហើយ ក៏ត្រេកអរកខិបកខុប នឹកត្រិះរិះរកអុបាយថា៖ «ធ្វើដូចម្ដេចអេះ អាត្មាអញនឹងបានស៊ីសាច់ប្រើសមុខគួរអោយឆ្ងាញ់នេះហ្ន៎? គង់បានកណ្ដាប់ដៃអញទេ អាត្មាអញនឹងបញ្ជោរបោកវ៉ៃអែបអោយស្និទ្ធទាល់តែ
ស្លាប់ចិត្ដជាមុនសិន»។ ចចកគិតអុបាយឃើញហើយក៏ចូលទៅសុំជួបនិងប្រើស ស្រែកសួរពីចំងាយថា៖ «អើសំលាញ់អើយ! អ្នកបានប្រកបដោយសេចក្ដីសុខសប្បាយរឺទេ?»។ ប្រើសបានលឺហើយដណ្ដឹងសួរថា៖ «បងឈ្មោះអ្វី?» ចចកឆ្លើយប្រាប់ថា៖ ឈ្មោះក្សុទ្រពុទ្ធ អាស្រ័យនៅព្រៃនេះអិតមានញាតិសាច់សន្ដានពឹងពាក់ទេ នៅត្រមង់ត្រមោចអែកការអនាថាតែម្នាក់អែង ដូចជាមនុស្សស្លាប់ទៅហើយ ពេលនេះមានភ័ព្វសំណាងបានសាងមកជួបនឹងបង នាំអោយកើតសេចក្ដីស្រលាញ់ពេញចិត្ដ ហាក់ដូចជាបានចាប់កំណើតកើតក្នុងលោកនេះជាថ្មីម្ដងទៀត ហើយបានជួប
ជុំញាតិសន្ដានព្រៀងលានវិញ តទៅរូបខ្ញុំសូមធ្វើជាមិត្រស្និទ្ធស្នាលជាមួយនឹងបង គ្រាន់បានជាទីពឹងពាក់ បណ្ដើរគ្នាទៅមករកស៊ីតាំងពីពេលនេះតទៅ ប្រើសស្លុងចិត្ដជឿ ហើយឆ្លើយថា៖ «មិនអីទេតាមចិត្ដបងស្ម័គ្រចុះ»។ក្សិណនោះព្រះទិនករដ៏ជាទីគោរព មានរស្មីរុងរឿងភ្លឺត្រចះពណ្ណរាយ ទ្រង់បររថប្រទក្សិណភ្នំព្រះសុមេរុ រសៀលជ្រៀងជ្រេរទេរទន់ទាបរៀបនឹងអស្ដង្គតរលត់ចូលទៅកាន់សន្ធិយារាត្រី នៅនាភ្នំខាងបស្ចឹមទិស សត្វទាំងពីរក៏លីលាបណ្ដើរគ្នាត្រសងចូលទៅកាន់ទីលំនៅនៃប្រើស។ កាលនោះក្អែកឈ្មោះសុពុទ្ធិ ដែលជាមិត្រស្និទ្ធស្នេហានឹងសត្វប្រើសមកអស់កាលយូរអង្វែងហើយ កំពុងទុំអាស្រ័យនៅលើមែកចំបក់នោះ លុះឃើញសត្វទាំងពីរបណ្ដើរគ្នា
មកដល់ក៏សួរទៅថា! «ហៃសំលាញ់ចិត្រាង្គៈ! អ្នកទីពីរនោះហ្ន៎! ត្រូវជាអ្វីនឹងបងអែង»។ ប្រើសឆ្លើយប្រាប់ថា៖ «ជាសត្វចចកចូលមកសូមចងស្ពានមេត្រីរាប់អានយើង»។ ក្អែកពោលឡើងថា នែសំលាញ់ការទុកចិត្ដចងមេត្រីរាប់អានជាមួយអាគន្ដុកៈមិនស្គាល់មុខដូច្នេះមិនល្អទេ ព្រោះថា៖
៥៦ - អ្នកណានិមួយ មិនគួរគប្បីអោយទីអាស្រ័យនៅរួមគ្នាដល់មនុស្សមិនស្គាល់មុខ មានត្រកូលផ្សេងគ្នាឡើយដូចត្មាតឈ្មោះជរទ្ដវៈត្រូវគេសំលាប់បង់ ព្រោះទោសមកពីឆ្មា។ ប្រើសនិងចចកសួរឡើងថា៖ «រឿងនោះតើដូចម្ដេច?។ ក្អែកថ្លាថ្លែងរឿងនោះថា

0 បទពិគ្រោះ:

Post a Comment