Ads 468x60px

Blogger templates

Thursday, January 8, 2015


កថាទី៣: បុព្វហេតុអរិយធម៌

      ពេលព្រះសុរិយាជ្រៀងជ្រេរហៀបនឹងអស្តង្គតនាថ្ងៃមួយ សម្តេចព្រអសង្ឃរាជ ព្រះង្គទ្រង់គង់ក្នុង ទីលាន អាស្រមមនោរមសង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិតវត្តកំណើតនៃព្រះអង្គសម្តេច ទ្រង់យាង សន្សឹមៗទតមើលដំណាំផ្សេងៗដែលព្រះអង្គបានដាំពីអាទិត្យមុន។ព្រះកាយវិការនេះ សមដូចពុទ្ធភាសិតមួយបានចែងថា៖ ១-អនត្ថំ បរិវជ្ជេតិ អត្ថំ គណ្ហាតិ បណ្ឌិតោ។បណ្ឌិតរមែងវៀរការដែលមិនមានប្រយោជន៍កាន់យកតែការដែលមានប្រយោជន៍។ តាមពិតសម្តេចតាំងពីយុវវ័យមិនដែលបង្ហើរពេលវេ លាចោលឡើយបើព្រះអង្គមិនធ្វើធម៌ក៏ព្រះអង្គធ្វើកិច្ចការអក្សរសាស្ត្រឬកិច្ចការសាធារណៈដែរមិនមែនព្រះអង្គយាងទៅអាស្រមមនោរមដើម្បក្រសាលព្រះទ័យដូចជាជនធម្មតាឡើយ។ព្រះអង្គតែងយកព្រះរាជហឫទ័យទុកដាក់នឹងបញ្ហាទឹកសម្រាប់អ្នកស្រុកនៅទីនោះ។អាស្រ័យដូច្នេះហើយទើបព្រះអង្គជីកស្រះដ៏ធំល្វឹងល្វើយគួរជាទីត្រេកត្រអាលនៃមនុស្សលោក។ ក្នុងពេលព្រះអង្គកំពុងទតមើលទម្រង់ស្រះមានកុមារម្នាក់ឈ្មោះគង់-សំផល ដើរឱនៗតម្រង់ទៅ រកព្រះ អង្គ ។ ពេលនោះសម្តេចក៏បន្លឺព្រះសូរសីហនាថថា៖
      -«ម្នាលចៅប្រុស មកទីនេះមានកិច្ចការអ្វីដែរ?»
     កុមារសំផល ក្រោយពីក្រាបថ្វាយបង្គំហើយ ក៏លើកដៃប្រណម្យឆ្លើយតបទៅកាន់ព្រះនរបតីដោយ សំលេងថ្នមៗ ៖
      - « ក្រាបទូលសម្តេចដ៏ចំរើន ទូលព្រះបង្គំមកនេះ ដោយមានការងឿងឆ្ងល់សម្បើមណាស់ ហើយ ជជែកគ្នាមិនដាច់ស្រេចសោះព្រះអង្គ ។
     - ឆ្ងល់រឿងអ្វីចៅប្រុសថាមកមើល៍!
    ​ ភ្លាមនេះកុមារក៏ក្រាបទូល៖
     - « បពិត្រសម្តេចដ៏ជាទីគោរព! ទូលព្រះបង្គំឆ្ងល់ថា តើបុព្វហេតុនៃអរិយធម៌ខ្មែរ មកពីអ្វីទៅ ព្រះ អង្គ? » សំ ណួរនេះ ញ៉ាំងព្រះចិន្តាព្រះអង្គឲ្យសោមនស្សក្រៃលែង ហើយទ្រង់តប៖
    -សាធុ! សាធុចៅ! ចៅឯងចង់ចេះចង់ដឹងដូច្នេះ តាត្រេកអរណាស់ តាមិនចង់ឃើញមនុស្សល្ងង់ខ្លៅ ឡើយ មិនចង់ជួបមនុស្សក្រល្ហេមល្ហាម គឺចង់ឲ្យមានចំណេះមានទ្រព្យល្មមចាយវាយដូចគ្នា ព្រោះ យើងជាមនុស្ស ដូចគ្នា...។
    ចៅ! បុព្វហេតុនៃអិរយធម៌ខ្មែរនេះ គ្មានមកពីណាក្រៅពីសាសនាឡើយ ។ សាសនាបាននាំមកនូវ ផលប្រយោជន៍ច្រើនណាស់ដល់មនុស្សលោកយើងនេះ ។ នែ! ចៅស្តាប់បានឬទេ? បើមិនបានកុំ លាក់លៀម ប្រាប់លោកតាចុះ លោកតានឹងពន្យល់ឯងឲ្យស្គាល់យ៉ាងច្បាស់លាស់ឲ្យអស់ការ សង្ស័យណាចៅប្រុស!»
« ពេលនោះសំផលកុមារមានចិត្តរីកហើយក្រាបបង្គំទូលព្រះអង្គវិញ ៖
- «ព្រះករុណាថ្លៃវិសេស! ទូលព្រះបង្គំអស់សង្ស័យហើយ តែខ្ញុំព្រះអង្គខ្លាចភ្លេចទៅថ្ងៃមុខទៀត ព្រោះ សតិ របស់ខ្ញុំព្រះករុណាទន់ខ្សោយណាស់ទានប្រោស!
- មិនអីទេចៅ! បើឯងខ្លាចភ្លេចឬស្រពេចស្រពិល គួរចៅទៅរកមេរៀនប្រវត្តិអក្សរសាស្ត្ររបស់ព្រះវិរិយ
បណ្ឌិតោ ភិក្ខុប៉ាង-ខាត់ដែលបង្រៀនពួកនិស្សិតនៃវិជ្ជាឋានអប់រំខាងអក្សរសាស្ត្រមកអាននិងទុកជា ឯកសារទៅ ព្រោះលោកជាអ្នកស្រាវជ្រាវមួយដ៏ចំណានមិនអាចកាត់តម្លៃបានទេ...ណ្ហើយបើចៅអស់ ការហើយ គួរត្រឡប់ទៅវិញចុះ ហើយខិតខំរៀនសូត្រឲ្យមែនទែន... ទាន់វ័យក្មេងខ្ចីដើម្បីញ៉ាំងជីវភាព ចៅឲ្យថ្លៃថ្នូរ នឹងគេ! ចូរចំរើន!
- « សាធុ! ព្រះអង្គដ៏មានបុណ្យ! សែនសប្បាយចិត្តណាស់ ដែលបានកើតមកជួបនឹងព្រះ អង្គមានព្រះ ទ័យប្រោសប្រណីជនល្ងិងល្ងង់ឥតរើសមុខឬពេលវេលាដូច្នេះ ខ្ញុំព្រះករុណានឹងទៅរកឯកសារនោះ មកទុកប្រចាំគ្រួសារមិនខាន...ខ្ញុំព្រះអង្គសូមក្រាបថ្វាយបង្គំលាសិនហើយ...។
-អើទៅចុះចៅប្រុស! អានច្រើនចំរើនវិជ្ជា!
    ក្រោយពេលសំផលកុមារចេញផុតទៅ   សម្តេចព្រះសង្ឃរាជជាទីគោរពនៃយើងរាល់គ្នាព្រះអង្គ សេ្តចយាងចូលអាស្រមមនោរមវិញ ដើម្បីពិនិត្យពាក្យថ្មីដែលព្រះអង្គបម្រុងនឹង បន្ថែមនៅក្នុងវចនានុ ក្រមខ្មែរទៀត ។
     ចំណែកគង់-សំផល កុមារ ក៏បានធ្វើដំណើរទៅកាន់គេហដ្ឋានវិញដោយសុវត្ថិភាព ។ ប៉ុន្មានថ្ងៃបន្ទាប់មក កុមារនេះបានទទួលមេរៀនប្រវត្តិអក្សរសាស្ត្ររបស់ព្រះភក្ខុ ប៉ាង-ខាត់ ដូចក្តី បំណងមែន។ កុមារអានបណ្តើរញញឹមបណ្តើរដោយពេញចិត្តរបស់ខ្លួនពេក ។ អត្ថន័យនៃមេរៀន នោះមានសេចក្តី ៖
    ក្នុងការសិក្សាអរិយធម៌ យើងគួរស្គាល់បុព្វហេតុដែលនាំឲ្យកើតអរិយធម៌នេះឡើង ។ អ្នកបា្រជ្ញទូទៅតែង មានសេចក្តីយល់ថាអរិយធម៌គ្រប់ប្រការតែងកើតមកពីសាសនា ។ សាសនាបុរាណដូចជាសាសនាឥសិប៊ត៍បាឡូនី ហេព្រឺ ប៉ាស៊ី ឬ សាសនាធំៗ មានសាសនាព្រាហ្មណ៍ ពុទ្ធសាសនា សាសនាគ្រិស្ត សាសនាឥស្លាមប៉ុណ្ណេះជាដើម សុទ្ធតែជាថ្នាលបណ្តុះវិជ្ជាគ្រប់ប្រការដែលជាមួលហេតុអោយកើតអរិយធម៌ឡើងក្នុងលោក។
 ​   ប្រទេសទាំងឡាយដែលមានសេចក្តីរីចំរើនលូតលាស់ឡើងក៏ព្រោះតែមានវិជ្ជាសាសនាជាដើមចម។ អ្នក ប្រវត្តិសាស្ត្រជប៉ុនម្នាក់បានពោលសរសើរទុកថា៖ ពុទ្ធសាសនាបាននាំសេចក្តីចំរើនមកឲ្យប្រទេសជប៉ុន ។ ស្ថាបត្យកម្ម សិល្បកម្ម ហត្ថកម្ម ឧស្សាហកម្ម រហូតទៅដល់តូរ្យតន្ត្រីមានប៉ុណ្ណេះជាដើម សុទ្ធតែកើតឡើង ដោយអាស្រ័យពុទ្ធសាសនា ។ ដូច្នេះ យើងគួរចូលចិត្តថា ពុទ្ធសាសនាមិនមែនមានតំលៃចំពោះតែការប្រតិបត្តិតាមផ្លូវចិត្តតែប៉ុណ្ណោះទេ មានតម្លៃដល់ការជឿនលឿនទៅមុខនៃអរិយធម៌ខាងផ្លូវលោកគ្រប់ផ្នែកទៀតផង។
    សេចក្តីពិត វិជ្ជាសាសនាមានតម្លៃខ្ពង់ខ្ពស់ណាស់ សមគួរដល់យើងគ្រប់គ្នាហ៊ានលះបង់ពេលវេលាសប្បាយដើម្បីខំសិក្សា ព្រោះជារឿងដែលប្រដៅមនុស្សឲ្យកើតធម្មចរិយាប្រពៃណីល្អ ទំនៀមទម្លាប់ល្អ នាំឲ្យបន្ទោរបង់ក្តីទុក្ខហើយនាំឲ្យមានក្តីសុខក្សេមក្សាន្ត ពោលគឺវិជ្ជាសាសនា ជាប្រទីអុជទ្រោលបំភ្លឺលោកមើលផ្លូវដើរក្នុងជីវិតគ្រប់ៗគ្នា ហើយគេចកុំឲ្យប៉ះទង្គិចគ្នា ឲ្យចេះតែបានក្តីសុខចំរុងចំរើនជាមួយគ្នារអឹករអឺនរឿយរហូតទៅនៅនពេលងងឹតនេះ ។ តម្លៃសាសនាដូចបានពោលនេះ អ្នកប្រាជ្ញរ៉ាប់រងទូទៅ ហើយអ្នកផងក៏បានដឹងហើយដែរថា តម្លៃនេះមិនមែនមានតែប៉ុណ្ណេះទេ មានច្រើនលើសលប់នឹងគណនាត្រារាប់ឲ្យអស់ជើងតទៅទៀត គឺមានសេចក្តីចំរើនគ្រប់ប្រការរបស់មនុស្សលោកសព្វថ្ងៃនេះសុទ្ធតែកើតចេញមកពីសាសនាទាំងអស់ ។ សូម្បីតែពេទ្យសាស្រ្តដែលគេច្រើនតែចូលចិត្តថាជារបស់ថ្មីក៏ដោយ ក៏នៅមានការទាក់ទងពីសាសនា ព្រោះវិជ្ជាផ្នែកនេះបានកើតមកពីអ្នកគន់គិតខាងសាសនាច្រើនអ្នកដែរ។
   សាសនាជាថ្នាលបណ្តុះការសិក្សា ព្រោះមានតែវិជ្ជាមួយនេះទេនៅក្នុងលោក គឺវិជ្ជាសាសនា ដែល មនុស្សលោកចូលចិត្តជួញរវល់បំផុតតាំងពីបុរាណកាលនាយមក ។ ទីឋានសាសនាគ្រប់សាសនាដូច វត្តអារាមនៅប្រទេសខ្មែរយើងជាដើម ជាបឋមសាលា គឺសាលាដើមបំផុតនៃពិភពលោក ជាមន្ទីរព្យា បាលរោគដើមបំផុតនៃពិភពលោក មើលរោគល្ងង់ខ្លៅគឺអវិជ្ជា បំបើកភ្នែកខ្វាក់មនុស្សលោក គឺអោយ មានវិជ្ជា មើលឃើញសេចក្តីពិតរបស់លោកមើលរោគរាងកាយ ឯលោកគ្រូដើមគឺអ្នកបួសក្នុង សាសនា ព្យាបានទទេ បង្រៀនទទេ ។ មួយទៀត សាសនាជាសង្គមដើមនៃមនុស្សលោក ជាទីឋាន ជួបជុំសន្ទនាគ្នាសំរាប់ផ្លាស់ប្តូរសេចក្តីយល់ឃើញទៅវិញទៅមក ជា រមណីយដ្ឋានបន្ទោរបង់សេចក្តី ទុក្ខក្តៅក្រហាយ  ជាវិជ្ជាឋានបណ្តុះវិជ្ជាគ្រប់ប្រភេទ មានវិជ្ជាឋានស្ថាបត្យកម្មជាដើម ព្រោះមនុស្ស ត្រូវការសំណង់ល្អវិសេសឆើតឆាយ សម្រាប់ទុកជាជម្រកអ្នកដែលខ្លួនគួរគោរពបូជា ។ រួមសេចក្តីខ្លីទីឋានសាសនា ជាវិជ្ជាឋាននាំអោយកើតការរចនាដ៏វិសេស សោភណភាពដ៏ប្រណីតបញ្ចង់ គឺការ លម្អឥតខ្ចោះគ្រប់ប្រការ ។
   នៅប្រទេសខ្មែរ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនាម៉ឹងម៉ាត់មួយ យើងបានឃើញអរិយធម៌ដែលកើត ចេញពីសាសនាយ៉ាងច្បាស់លាស់ ។ ដូចជាប្រាង្គប្រាសាទរាជដ្ឋាននៅទីឋានមហានគរជាដើម នៅ ប្រទេសដទៃទៀតដូចជាប្រទេសឥស៊ិបគ៍ ប្រទេសឥណ្ឌា ប្រទេសចិនជាដើមក៏អ្នក ផងបានឃើញ អរិយធម៌ដែលកើតចេញពីសាសនាពិតប្រាកដដែរ ពោលងាយៗ គឺកាលដើមមិនមានមន្ទីរពេទ្យ
វត្តជាមន្ទីរពេទ្យ ។ល។ ឯឬសគល់សង្គមខ្មែរពីបូរាណក៏កើតចេញពីសាសនាដែរ ។ ដោយហេតុនេះ វិជ្ជា សាសនាមានតម្លៃនឹងកាត់ថ្លៃពុំបាន ព្រោះជាមេអរិយធម៌ទូទៅ ។

0 បទពិគ្រោះ:

Post a Comment